គម្រោងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត

ជំងឺកូវីដ១៩ បានបង្កបញ្ហាជាច្រើនដល់វិស័យសុខភាពសាធារណៈ និងជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើននាក់។ លើសពីនេះទៀត សំពាធនិងផលប៉ះពាល់ពីបញ្ហាជំងឺកូវីដនេះ អាចនាំឱ្យមនុស្សមួយចំនួនធំកើតមានបញ្ហាសុខភាពផ្លូវចិត្ត ឬបានធ្វើឱ្យបញ្ហាសុខភាពផ្លូវចិត្តដែលគាត់មានស្រាប់ ប្រែទៅជាកាន់តែខ្លាំងក្លាឡើង និងអាចឈានទៅបង្កបញ្ហាធ្ងន់ធ្ងរជាច្រើន។

ហេតុនេះហើយទើប មូលនិធិរក្សាកុមារ ដឹកនាំដោយលោកជំទាវ ជា សិរី បានផ្តួចផ្តើមគម្រោងដ៏សំខាន់នេះឡើង ក្រោមការសហការជាមួយអង្គការ ធីភីអូ កម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្ត និងលទ្ធភាពទទួលបានសេវាសុខភាពផ្លូវចិត្តសមស្រប។ អង្គការចិត្តសង្គមអន្តរវប្បធម៌ (ឬអង្គការ ធីភីអូ កម្ពុជា) ជាអង្គការក្នុងស្រុកឈានមុខគេក្នុងវិស័យថែទាំសុខភាពផ្លូវចិត្តនិងការគាំទ្រផ្នែកចិត្តសាស្ត្រ ដែលបានធ្វើការនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាងពីរទសវត្សមកហើយ។

តាមរយៈគម្រោងនេះ មូលនិធិរក្សាកុមារ កំពុងឧបត្ថម្ភគាំទ្រដល់អង្គការ ធីភីអូ កម្ពុជាក្នុងសកម្មភាព៖

  • ផ្តល់ការប្រឹក្សាយោបល់អំពីបញ្ហាសុខភាពផ្លូវចិត្ត តាមរយៈបណ្តាញទូរស័ព្ទ និងតាមអនឡាញ (ទំព័រហ្វេសប៊ុក TPO Cambodia) ។
  • ផ្តល់ការព្យាបាលចាំបាច់ដល់អ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដែលបណ្តាលមកពីសំពាធនៃបញ្ហាជំងឺកូវីដ១៩។
  • ផ្សព្វផ្សាយសារ និងមាតិកាអប់រំពាក់ព័ន្ធ លើបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនងផ្សេងទៀត។
  • សកម្មភាពចុះផ្សព្វផ្សាយនៅសហគមន៍មូលដ្ឋានអំពីបញ្ហាសុខភាពផ្លូវចិត្ត និងការគាំទ្រផ្នែកចិត្តសាស្ត្រ។

ជាផ្នែកនៃគម្រោងនេះ យើងក៏បានបង្កើតយុទ្ធនាការផ្សព្វផ្សាយ ជាមួយនឹងហាសថេក (hashtag) #កុំលាក់ទុកក្នុងចិត្ត ឬជាភាសាអង់គ្លេស #StopHiding ដើម្បីលើកកម្ពស់ការពិភាក្សា និងចែករំលែកព័ត៌មានលើបញ្ហាសុខភាពផ្លូវចិត្តផងដែរ។ សូមចូលរួមជាមួយយើង ដោយតាមដានទំព័រហ្វេសប៊ុក TPO Cambodia (www.facebook.com/tpocambodia) និងចែករំលែកគំនិតយោបល់ ឬរឿងរ៉ាវរបស់អ្នកទាក់ទងនឹងបញ្ហានេះ ដោយប្រើហាសថេក (hashtag) #កុំលាក់ទុកក្នុងចិត្ត និង #StopHiding ។

ដូចនេះ ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ ដូចជា បាក់ទឹកចិត្ត តានតឹងក្នុងចិត្ត ព្រួយបារម្ភខ្លាំង ក្រៀមក្រំខ្លាំង ឬអារម្មណ៍អវិជ្ជមានដទៃទៀតដែលបង្ហាញប្រាប់អ្នកថា អ្នកប្រហែលជាអាចត្រូវការជំនួយផ្នែកសុខភាពផ្លូវចិត្ត សូមទាញយកអត្ថប្រយោជន៍ពីគម្រោងនេះ ហើយទាក់ទងទៅអង្គការ ធីភីអូ កម្ពុជា ដើម្បីទទួលបានការប្រឹក្សាយោបល់បថមដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ យប់ តាមរយៈលេខទូរស័ព្ទ និងទំព័រហ្វេសប៊ុកខាងក្រោម។

  • 017 222 372 (សែលកាត) / 089 666 325 (សែលកាត) / 095 666 124 (សែលកាត)
  • 010 222 478 (ស្មាត)
  • 097 9111 918 (មិត្តហ្វូន)
  • ផ្ញើសារទៅទំព័រហ្វេសប៊ុក TPO Cambodia (www.facebook.com/tpocambodia)

(Please click here to read this in English.)