រសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានអញ្ជើញជាគណៈអធិបតីក្នុងពីធីសំណេះសំណាលសួរសុខទុក្ខកុមារដែលទទួលបានការព្យាបាលបេះដូងតាមរយ:ការវះកាត់នៅសាធារណរដ្ឋកូរ៉េចំនួន៨០នាក់ និងក្រុមគ្រួសារប្រមាណ ៩០នាក់ នៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំធនាគារKBគូកមីន អង្គការ Salvation Army និងមន្ទីរពេទ្យHebron។ ក្នុងពីធីនោះ លោកជំទាវបានអបអរសាទរ និងបង្ហាញសេចក្តីរំភើបឥតឧបមា ដែលបានជួបក្មួយៗដែលបានទទួលការវះកាត់បេះដូងប្រកបដោយសុខភាពល្អ និងបានក្លាយជាកុមារធម្មតាអាចចូលរៀនសូត្រ និងរត់លេងកំសាន្តបាន។ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារគូកមីន និងនិយ័តករត្រួតពិនិត្យហិរញ្ញវត្ថុកូរ៉េ (Financial Supervisory Service of Korea) ដែលបានឧបត្ថម្ភថវិកា និងនាំកុមារៗដែលមានជំងឺបេះដូងពីកំណើតទៅទទួលការវះកាត់ និងបានជាសះស្បើយពីជំងឺ ហើយលោកជំទាវសង្ឃឹមថា ធនាគារគូកមីននឹងបន្តសកម្មភាពមនុស្សធម៌របស់ខ្លួនដើម្បីគាំពារកុមាររងគ្រោះដោយជំងឺអកុសលពីកំណើតនេះ ដើម្បីបន្តសកម្មភាពលើកកម្ពស់សុខុមាលភាពសង្គមតាមលទ្ធភាពដែលអាចធ្វើបាន។
Follow us on Facebook & Instagram










