នារសៀលថ្ងៃអាទិត្យ ២កើត ខែ ចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ អង្គការ រក្សាកុមារបានប្រារព្ធទិវាស្តាប់ឮកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “បង្កើនអានុភាពសម្រាប់តម្ហែទាំត្រចៀក និងការស្តាប់ឮ”។ ទិវានេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការ រក្សាកុមារ។ ។ អង្គការ រក្សាកុមារ សហការជាមួយវិទ្យាល័យអប់រំពិសេស ភ្នំពេញថ្មី មណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាបទី៤ និងអង្គការដៃគូចំនួន២ទៀតគឺ អង្គការគ្រួសារថ្មី និងអង្គការផ្តល់នូវសេចក្តីសង្ឃឹមកម្ពុជា នៅក្នុងគោលបំណង (១) ផ្សព្វផ្សាយការយល់ដឹងពីតម្ហែទាំត្រចៀក និងការស្តាប់ឮ (២) ផ្តល់ការប្រឹក្សាយោបល់ពីតម្ហែទាំត្រចៀក និងការស្តាប់ឮ ព្រមទាំងការពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ និងបំពង់ក (៣) ផ្តល់បទបង្ហាញ ស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការរកការងារធ្វើដល់សិស្សពិការ គ ថ្លង់។ សកម្មភាពសំខាន់ៗ នៅក្នុងទិវាស្តាប់ឮឆ្នាំ២០២៥រួមមាន៖ (១) ការផ្សព្វផ្សាយការយល់ដឹងពី តម្ហែទាំត្រចៀក និងការស្តាប់ឮ ការតាំងពិពណ៌ឧបករណ៏ជំនួយសម្លេង ការធ្វើតេសកម្រិតនៃការស្តាប់់ឮ ការប្រឹក្សាយោបល់ពីតម្ហែទាំត្រចៀក និងការស្តាប់ឮ ព្រមទាំងការពិនិត្យ ព្យាបាលត្រចៀក ច្រមុះ និងបំពង់ក ដោយមិនគិតកម្រៃ សម្រាប់មណ្ឌលកុមារកំព្រាភ្នំពេញថ្មី និងមណ្ឌលកុមារកំព្រាកូលាបទី៤ ដោយអង្គការផ្តល់នូវសេចក្តីសង្ឃឹមកម្ពុជា។ (២) ការផ្តល់អំណោយសៀវភៅដល់បណ្ណាល័យ នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដោយអង្គការ រក្សាកុមារ (៣) ការផ្តល់អំណោយឈុត តុ និងកៅអីសម្រាប់សិស្សថ្នាក់មត្តេយ្យ នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដោយអង្គការ រក្សាកុមារ (៤) ការផ្តល់បទបង្ហាញ ស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការរកការងារធ្វើ ដោយអង្គការគ្រួសារថ្មី។ ភ្ញៀវកិត្តិយសអញ្ជើញចូលរួមនៅក្នុងទិវានេះរួមមាន៖ តំណាងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រាជធានីភ្នំពេញ តំណាងការិយាល័យអប់រំក្រៅប្រព័ន្ធ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងធនាគារជាតិ នៃកម្ពុជា តំណាងអង្គការគ្រួសារថ្មី តំណាងអង្គការផ្តល់នូវសេចក្តីសង្ឃឹមកម្ពុជា តំណាងអង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (TPO Cambodia) តំណាងអង្គការខ្មែរសាយ (Khmer Sight Foundation) មណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាបទី៤ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំង មាតាបិតាសិស្ស នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី សរុបប្រមាណជា ៥០០នាក់។
Follow us on Facebook & Instagram






















































































