[English Below]តើនាងមានផ្ទៃពោះយ៉ាងដូចម្តេច? តើឪពុកក្មេងតូចជានរណា?នារីម្នាក់អាយុ៤៣ឆ្នាំ រស់នៅខេត្តតាកែវ ត្រូវបានបងស្រីបង្កើតរាយការណ៍មកក្រុមការងារនៃអង្គការធីភីអូកម្ពុជា ដើម្បីស្នើសុំការព្យាបាលជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលត្រូវបានចងបង្ខាំងទុក។ នៅពេលក្រុមការងារចុះទៅដល់ ដំបូងឡើយអ្នកជំងឺមានអារម្មណ៍ធម្មតា ទឹកមុខស្រស់បស់ ស្លូត ស្វាគមន៍ក្រុមការងារយើង ហើយអង្គុយលើអង្រឹងបម្រុងហូបផ្លែស្វាយ ដែលក្នុងដៃមានស្វាយពីរបីផ្លែ ឯជើងម្ខាងត្រូវបានចងច្រវាក់។ នៅពេលនោះ ក្មេងស្រីតូចដែលជាកូនរបស់គាត់អាយុ៥ឆ្នាំបានស្រែកយំ ពេលនោះប្រហែលជានាងយល់ថា មានគេចង់ធ្វើបាបកូនរបស់ខ្លួន ស្រាប់តែគាត់ប្រែជាច្រលោតខឹងជាខ្លាំង ហើយបានយកផ្លែស្វាយគប់តម្រង់មកក្រុមការងារ។ សូម្បីតែគាត់បាត់បង់សតិ ក៏គាត់នៅតែការពារកូន ខ្លាចគេធ្វើបាបកូនរបស់ខ្លួន។ យោងតាមការរៀបរាប់របស់បងស្រី អ្នកជំងឺចាប់ផ្តើមឈឺនៅឆ្នាំ២០១៧។ អ្នកជំងឺត្រូវបានបញ្ជូនត្រលប់មកប្រទេសកម្ពុជាវិញ ខណៈដែលកំពុងធ្វើការងារនៅប្រទេសម៉ាឡេស៊ីបានរយៈពេលប្រមាណជាង១ឆ្នាំ។ យើងមិនមានព័ត៌មានបន្ថែមថាតើគាត់បានជួបប្រទះបញ្ហាអ្វីខ្លះពេលកំពុងធ្វើ ជាអ្នកធ្វើការតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី។ ក្រុមគ្រួសារបាននាំអ្នកជម្ងឺទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋពីរបីកន្លែងនៅរាជធានីភ្នំពេញ តែពុំបានធូរស្បើយឡើយ។ ដោយសារគ្មានជម្រើស ជីវភាពក្រីក្រ និងដើម្បីសុវត្ថិភាព ក្រុមគ្រួសារក៏សម្រេចចិត្តចាក់សោរឱ្យនៅក្នុងផ្ទះ។ខណៈជំងឺកូវីដ-១៩ បាននឹងកំពុងរាតត្បាតយ៉ាងខ្លាំង អ្នកជំងឺបានហែកបង្អួចរត់ចេញគេចខ្លួនបាត់។ រយៈពេល៣ថ្ងៃក្រោយមក អ្នកជំងឺបានត្រឡប់មកដល់ផ្ទះវិញ